គ្រាប់បាល់ដែលរកបានដោយកីឡាករ Josko Gvardiol បានជួយក្រុមជម្រើសជាតិក្រូអាត ឡើងទៅកាន់វគ្គបន្តនៃពានរង្វាន់ Nations League បន្ទាប់ពីការប្រកួតរវាងក្រុមជម្រើសជាតិក្រូអាត និងក្រុមជម្រើសជាតិព័រទុយហ្គាល់បានបញ្ចប់ទៅក្នុងលទ្ធផល ១-១។
ក្រុមទាំងពីរនេះបានប្រកួតប្រជែងគ្នាក្នុងពូល A ដោយក្រុមជម្រើសជាតិព័រទុយហ្គាល ឈរនៅលេខរៀងទី១ ក្នុងពូល និងកក់កៅអីឡើងទៅកាន់វគ្គជម្រុះនៃពានរង្វាន់ Nations League ដោយគ្រូបង្វឹកបានអនុញ្ញាតឱ្យកីឡាករ Cristiano Ronaldo សម្រាកពីការប្រកួត ស្របពេលក្រុមជម្រើសជាតិក្រូអាត ឈរនៅលេខរៀងទី២ មាន ៨ ពិន្ទុ បន្ទាប់ពីលេងបាន ៦ ប្រកួតកន្លងមក។
គ្រាប់បាល់ដំបូងនៃការប្រកួត គឺរកបានដោយកីឡាករ Joao Felix ឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល ក្រោយពីយកបាល់ប៉ះដ៏ស្រស់ស្អាតពីកីឡាករ Vitinha។ យ៉ាងណាមិញ ក្រុមជម្រើសជាតិក្រូអាតមានឱកាសវាយបកបានមួយគ្រាប់វិញដោយកីឡាករ Josko Gvardiol ដែលជាគ្រាប់បាល់លើកទី៣ របស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិក្រូអាត។
ការប្រកួតបន្តលេងយ៉ាងស្វិតស្វាញ រហូតបញ្ចប់ដោយលទ្ធផលស្មើ និងចែកគ្នាម្នាក់មួយពិន្ទុ បន្តឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Nations League៕
Add Comment