ខ្សែប្រយុទ្ធក្រុមជម្រើសជាតិហ្សាម៉ាអ៊ីក គឺកីឡាករ Michail Antonio នឹងខកខានចូលរួមលេងឱ្យក្រុមជម្រើសជាតិរបស់ខ្លួន សម្រាប់ព្រឹត្តិការណ៍ CONCACAF Nations League វគ្គ ៨ ក្រុមចុងក្រោយ ជើងទី២ ទល់នឹងក្រុមជម្រើសជាតិអាមេរិក ក្រោយពីរូបគេបានបាត់លិខិតឆ្លងដែន នេះបើយោងទៅតាមសម្តីរបស់លោក Steve McClaren គ្រូបង្វឹកក្រុមជម្រើសជាតិហ្សាម៉ាអ៊ីក។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធរបស់ក្រុម West Ham រួចនេះក៏អវត្តមានក្នុងជំនួបរវាងក្រុមជម្រើសជាតិទាំងពីរកាលពីជើងទី១ ផងដែរ ដោយសារតែកីឡាកររូបនេះទទួលការពិន័យ ស្របពេលដែលលទ្ធផលក្នុងជើងទី១ នោះ គឺក្រុមជម្រើសជាតិអាមេរិក បានយកឈ្នះលើក្រុមជម្រើសជាតិហ្សាម៉ាអ៊ីក ក្នុងលទ្ធផល ១-០។ យ៉ាងណាមិញ ការអវត្តមាននេះមិនត្រឹមតែសម្រាប់កីឡាករ Michail Antonio តែម្នាក់នោះឡើយ ដោយមិត្តរួមក្រុមរបស់គេ គឺកីឡាករ Kaheim Dixon ក៏នឹងអវត្តមានដោយសារមូលហេតុបាត់លិខិតឆ្លងដែនដូចគ្នា។
កីឡាករ Michail Antonio បានរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិហ្សាម៉ាអ៊ីក ចំនួន ២១ គ្រាប់ចាប់តាំងពីចូលរួមលេងជាលើកដំបូងក្នុងឆ្នាំ២០២១។ បរាជ័យក្នុងជើងទី១ វគ្គ ៨ ក្រុមចុងក្រោយនេះ នឹងជាឧបសគ្គមួយដ៏ធំសម្រាប់ក្រុមជម្រើសជាតិហ្សាម៉ាអ៊ីក ក្នុងការវាយបកទៅលើក្រុមជម្រើសជាតិអាមេរិកវិញ ដើម្បីបន្តដំណើរក្នុងពានរង្វាន់មួយនេះ៕
Add Comment