ខ្សែប្រយុទ្ធរបស់ក្រុម Benfica គឺកីឡាករ Angel Di Maria បាននិយាយថារូបគេកំពុងតែសិក្សាបន្ថែមក្នុងការក្លាយជាគ្រូបង្វឹក ដោយរូបគេជឿជាក់ថារូបគេនឹងទទួលបានឱកាសធ្វើរឿងមួយនេះ ក្រោយពីរូបគេប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ក្នុងនាមជាកីឡាករដែលលេងបាន ២០ ឆ្នាំរួចមកហើយ។
កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣៦ ឆ្នាំរូបនេះ បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ FIFA World Cup 2022 និងបន្តឈ្នះពានរង្វាន់ Copa America ជាលើកទី២ កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ ក្រោយពីបានយកឈ្នះពានរង្វាន់ Copa America រួចហើយ កីឡាករ Di Maria ក៏បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន និងបន្តលេងឱ្យក្លិបបាល់ទាត់អាជីពរបស់ខ្លួន។
កីឡាករ Di Maria ក៏បានបញ្ជាក់ទៀតថា ចាប់តាំងពីលោកចូលវ័យ ៣០ ឆ្នាំមក លោកចាប់ផ្តើមឃើញពីកីឡាបាល់ទាត់មួយជ្រុងទៀត ដោយលោកតែងតែវិភាគទៅលើទម្រង់លេងនីមួយៗ ហើយលោកពុំមែនវិភាគក្នុងនាមជាកីឡាករឡើយ ប៉ុន្តែប្រៀបដូចជាគ្រូបង្វឹកអីចឹង។
គួរបញ្ជាក់ផងដែរថា កីឡាករ Angel Di Maria បានចូលរួមជាមួយក្រុម Benfica កាលពីឆ្នាំមុន ដោយប្តូរមកពីក្រុម Juventus ហើយលោកក៏កំពុងតែមានកុងត្រាជាមួយក្លិបបាល់ទាត់ ដែលមានមូលដ្ឋាននៅប្រទេសព័រទុយហ្គាលមួយនេះរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ផងដែរ៕
Add Comment