ទំព័រមុខ » កីឡាករ Neymar អាចនឹងចូលលេងវិញឆាប់ៗនេះ
អន្តរជាតិ

កីឡាករ Neymar អាចនឹងចូលលេងវិញឆាប់ៗនេះ

បន្ទាប់ពីរងរបួសជង្គង់អស់រយៈពេលយូរ កីឡាករ Neymar អាចនឹងវិលត្រឡប់មកកាន់ពិភពបាល់ទាត់សារជាថ្មីម្តងទៀតហើយ ដោយការវិលត្រឡប់មកវិញរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចជួយពង្រឹងប្រព័ន្ធលេងរបស់ក្រុម Al-Hilal ឱ្យប្រសើរជាងមុន ដើម្បីប្រជែងក្នុងពានរង្វាន់ AFC Champions League។

របួសដែលធ្វើឱ្យកីឡាករ Neymar បាត់មុខពីពិភពបាល់ទាត់មួយរយៈធំនេះ គឺកើតឡើងក្នុងអំឡុងការប្រកួតរវាងក្រុមជម្រើសជាតិប្រេស៊ីល ទល់នឹងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ក្នុងវគ្គជម្រុះព្រឹត្តិការណ៍ World Cup 2026 ដោយកីឡាករ Neymar មានបញ្ហា ACL។ បញ្ហារបួសនេះបានធ្វើឱ្យកីឡាករ Neymar ត្រូវទទួលការវះកាត់ និងសម្រាកព្យាបាលរយៈពេលច្រើនខែផងដែរ។ គួរបញ្ជាក់ផងដែរថា កីឡាករ Neymar បានផ្លាស់ពីក្រុម PSG ទៅកាន់ក្រុម Al-Hilal កាលពីឆ្នាំ២០២៣ ក្នុងតម្លៃខ្លួន ៩០ លានអឺរ៉ូ ប៉ុន្តែរូបគេបានអវត្តមានក្នុងការលេងឱ្យក្រុម Al-Hilal និងក្រុមជម្រើសជាតិប្រេស៊ីលរហូតទៅដល់ ៦៩ ប្រកួត បូករួមទាំងព្រឹត្តិការណ៍ Copa America។

កាលពីចុងខែកញ្ញា នេះ គេបានប្រទះឃើញកីឡាករ Neymar ចូលរួមហ្វឹកហាត់វិញជាមួយក្រុម Al-Hilal ហើយគេរំពឹងថាកីឡាកររូបនេះអាចនឹងវិលត្រឡប់ចូលលេងវិញក្នុងការប្រកួតរវាងក្រុម Al-Hilal ទល់នឹងក្រុម Al Ain នាថ្ងៃទី២១ ខែតុលា នេះក្នុងព្រឹត្តិការណ៍ AFC Champions League។ យ៉ាងណាមិញ ការសម្រេចចិត្តឱ្យកីឡាករ Neymar ចូលលេងវិញ គឺអាស្រ័យទៅលើការអនុញ្ញាតពីក្រុមគ្រូពេទ្យរបស់ក្លិបផ្ទាល់ផងដែរ ដើម្បីធានាថារូបគេអាចនឹងបន្តលេងបានធម្មតាវិញ។

ប្រសិនបើការវិលត្រឡប់របស់កីឡាករ Neymar អាចធ្វើឡើងតាមការគ្រោងទុកនោះ កីឡាកររូបនេះក៏អាចនឹងមានវត្តមានសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលនាខែវិច្ឆិកានេះផងដែរ ដោយក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា។ មិនត្រឹមតែអ្នកគាំទ្រ Al-Hilal ប៉ុណ្ណោះទេ អ្នកគាំទ្រវិស័យបាល់ទាត់ទាំងមូលកំពុងតែទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់កីឡាកររូបនេះដូចគ្នា៕