ទំព័រមុខ » កីឡាករ Paul Pogba គ្រោងចូលរួមជាមួយ Juventus វិញ ក្រោយផុតការហាមមិនឱ្យលេង
អន្តរជាតិ

កីឡាករ Paul Pogba គ្រោងចូលរួមជាមួយ Juventus វិញ ក្រោយផុតការហាមមិនឱ្យលេង

បន្ទាប់ពីរងការហាមឃាត់មិនឱ្យលេងអស់មួយរយៈ ខ្សែបម្រើក្រុម Juventus កីឡាករ Paul Pogba គ្រោងនឹងត្រឡប់ចូលលេងវិញសារជាថ្មីម្តងទៀត។ កីឡាកររូបនេះបានអវត្តមានពីបាល់ទាត់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ហើយការវិលត្រឡប់មកវិញនេះ រូបគេអាចក្លាយជាចំណែកមួយដ៏ធំសម្រាប់ក្រុមជម្រើសជាតិបារាំង សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ខាងមុខនេះ។

កីឡាករ Paul Pogba រងការពិន័យដោយមិនអនុញ្ញាតឱ្យលេងរយៈពេល ៤ ឆ្នាំក្រោយពីរូបគេត្រូវធ្វើតេស្តឃើញថាបានប្រើប្រាស់សារធាតុហាមឃាត់ DHEA។ ប៉ុន្តែការពិន័យនេះត្រូវបានបន្ថយមកត្រឹមរយៈពេល ១៨ ខែវិញ ដោយតុលាការ។ ការសម្រេចបន្ថយទោសនេះ គឺក្រោមមូលហេតុដែលកីឡាករ Paul Pogba ពុំមានចេតនាក្នុងការប្រើប្រាស់សារធាតុនេះឡើយ ដោយសារធាតុនេះគឺមាននៅក្នុងថ្នាំជំនួយរបស់គេប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ការប្រកួតចុងក្រោយរបស់កីឡាករ Paul Pogba ជាមួយក្រុម Juventus គឺតាំងពីឆ្នាំមុនមកម្ល៉េះ ដែលជាការប្រកួតដែលក្រុម Juventus យកឈ្នះលើក្រុម Empoli ក្នុងលទ្ធផល ២-០។ បើទោះបីជាអវត្តមានជាច្រើនខែក្តី កីឡាករ Paul Pogba ជឿជាក់ថារូបគេនឹងលេងបានល្អវិញ ហើយរូបគេត្រៀមខ្លួនរួចហើយសម្រាប់ឆ្នាំ២០២៥ នេះ។ ស្របពេលដែលកីឡាករ Paul Pogba នៅបន្តអវត្តមាននោះ កុងត្រារបស់រូបគេជាមួយនឹងក្រុម Juventus នៅមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ហើយរូបគេក៏យល់ព្រមទទួលការកាត់ប្រាក់ឈ្នួលផងដែរ បន្ទាប់ពីវិលត្រឡប់ចូលលេងវិញ៕