លោក Lee Carsley ដែលជាគ្រូបង្វឹកបណ្ដោះអាសន្នសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថាការចូលរួមរបស់គ្រូបង្វឹកថ្មីគឺលោក Thomas Tuchel នឹងជួយឱ្យក្រុមជម្រើសជាតិអង់គ្លេសឈ្នះពានរង្វាន់ FIFA World Cup 2026 បាន ប៉ុន្តែលោក Thomas Tuchel ត្រូវស្វែងរកទម្រង់លេងឱ្យស័ក្តិសមជាមួយកីឡាករដែលមានសព្វថ្ងៃ។
គួរបញ្ជាក់ផងដែរថា លោក Lee Carsley ដែលជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមតោកំណាចអង់គ្លេស បានដឹកនាំក្រុមជម្រើសជាតិមួយនេះចំនួន ៥ ប្រកួត ដោយការប្រកួតចុងក្រោយរបស់លោក គឺក្រុមជម្រើសជាតិអង់គ្លេសបានយកឈ្នះលើក្រុមជម្រើសជាតិអៀរឡង់ ក្នុងលទ្ធផល ៥-០។ ចំណែកឯលោក Thomas Tuchel វិញ លោកធ្លាប់បានសាងស្នាដៃដឹកនាំក្លិបបាល់ទាត់អាជីពរួមមាន ក្រុម Paris Saint-Germain ក្រុម Chelsea និងក្រុម Bayern Munich មុនពេលដែលលោកត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ហើយលោកនឹងដឹកនាំជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ។
យ៉ាងណាមិញ បើទោះបីជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ធ្លាប់ដឹកនាំក្រុមឡើងទៅដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2018 ក្តី ក៏លោក Lee Carsley នៅតែគិតថាលោក Thomas Tuchel នឹងដឹកនាំក្រុមមួយនេះឱ្យឈ្នះពានទាល់តែបានក្នុងឆ្នាំ២០២៦ នេះ ក្រោយខកខានក្នុងការលើកពានរង្វាន់មួយនេះចាប់តាំងពីឆ្នាំ ១៩៦៦។
លោក Lee Carsley នឹងបន្តភារកិច្ចរបស់លោកដឹកនាំក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំជាបន្តទៀត បន្ទាប់ពីលោកបានបំពេញភារកិច្ចជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសឈុតធំ៕
Add Comment