ទំព័រមុខ » លោក Pep Guardiola បន្តកុងត្រាថ្មីជាមួយ Man City
អន្តរជាតិ

លោក Pep Guardiola បន្តកុងត្រាថ្មីជាមួយ Man City

យោងតាមសារព័ត៌មានអង់គ្លេសបានឱ្យដឹងថា អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានបន្តកុងត្រាថ្មីជាមួយក្រុម Manchester City រហូតដល់ឆ្នាំ២០២៦។ កុងត្រារបស់លោក Pep Guardiola ជាមួយក្រុម Manchester City សព្វថ្ងៃនឹងត្រូវបញ្ចប់នាចុងរដូវកាលនេះ ដោយលោកមានលក្ខខណ្ឌអាចបន្តបានរយៈពេល ១ ឆ្នាំទៀត។

គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៥៣ ឆ្នាំរូបនេះ ចាប់ផ្តើមដឹកនាំក្រុមមេឃខៀវ Manchester City ចាប់តាំងពីឆ្នាំ២០១៦ ដោយលោកបានជួយក្រុមឱ្យឈ្នះពានរង្វាន់ Premier League ចំនួន ៦ ដង ពានរង្វាន់ FA Cup ចំនួន ២ ដង ពានរង្វាន់ UEFA Champions League ចំនួន ១ ដង ពានរង្វាន់ FIFA Club World Cup ចំនួន ១ ដង និងពានរង្វាន់ League Cup ចំនួន ៤ ដង ស្របពេលដែលលោកបានបំបែកកំណត់ត្រាថ្មីឱ្យក្រុម Manchester City លើកពានធំៗ ៣ ក្នុងមួយរដូវកាល កាលពីឆ្នាំ២០២៣។

មុននឹងចូលរួមជាមួយក្រុមមេឃខៀវ Manchester City លោក Pep Guardiola ធ្លាប់បង្កើតស្នាដៃដឹកនាំក្រុមយក្សនៅប្រទេសអេស្ប៉ាញ Barcelona ពីឆ្នាំ ២០០៨ ដល់ ២០១២ និងចំណាយពេល ៣​ ឆ្នាំដឹកនាំក្រុមយក្សនៅប្រទេសអាឡឺម៉ង់ Bayern Munich។ សព្វថ្ងៃនេះ ក្រុមមេឃខៀវ Manchester City កំពុងឈរនៅលេខរៀងទី២ នៃកំពូលតារាង Premier League តាមពីក្រោយក្រុមហង្សក្រហម Liverpool ចំនួន ៥ ពិន្ទុ ក្រោយលេងបាន ១១ ប្រកួតកន្លងមក៕