ទំព័រមុខ » សហព័ន្ធបាល់ទាត់អេស្ប៉ាញ ថាអាជ្ញាកណ្តាលគ្មានកំហុស ក្នុងការផ្តល់កាតក្រហម Bellingham
អន្តរជាតិ

សហព័ន្ធបាល់ទាត់អេស្ប៉ាញ ថាអាជ្ញាកណ្តាលគ្មានកំហុស ក្នុងការផ្តល់កាតក្រហម Bellingham

Photo credit via Arce/Getty Images

លោក Jose Munuera Montero ដែលជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត រវាងក្រុម Real Madrid ស្មើ ១-១ ទល់នឹងក្រុម Osasuna  មិនបានប្រព្រឹត្តិកំហុសឆ្គងណាមួយឡើយ ក្នុង​ការប្រកួត​ដែលផ្តល់កាតក្រហម ទៅខ្សែបម្រើ Jude Bellingham ។ នេះបើ​តាមការអះអាងរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ។

ការសម្រេចរបស់ RFEF សហព័ន្ធបាល់តាត់អេស្ប៉ាញ RFEF នៅថ្ងៃទី២០ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ​ខ្លួននឹង​មិន​ចាត់វិធានការណាមួយឡើយ ដើម្បីដាក់ពិន័យ​ លើអាជ្ញាកណ្តាលវ័យ ៤១ឆ្នាំ ដែលត្រូវបាន​ អ្នកគាំទ្រក្លិប Real Madrid ​រិះគន់ ​ក្រោយផ្ដល់កាតក្រហម Jude Bellingham ពីការប្រកួត ដោយគិតថាកីឡាករវ័យ ២១ឆ្នាំ បានប្រើប្រាស់ពាក្យសម្បីមិនសមរម្យលើខ្លួន។

​ការស៊ើបអង្កេត៖ RFEF បើកការស៊ើបអង្កេត និង​ត្រួតពិនិត្យថា​តើ​ សកម្មភាព​លើទីលានទាំងនោះ ជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវជំនួញ ពីខាងក្រៅឬទេ? យ៉ាងណាមិញ សហព័ន្ធ RFEF បានចេញបកស្រាយ និងផ្ទៀងផ្ទាត់យ៉ាងលម្អិត ហើយបង្ហាញថា សកម្មភាពអាជីវកម្មរបស់អាជ្ញាកណ្តាល និងការងារ មិនជាប់ពាក់ព័ន្ធគ្នា​នោះឡើយ។ RFEF ក៏បញ្ជាក់ថា លោកអាជ្ញាកណ្តាល Jose Munuera Montero មិនបានបង្កកំហុស ឬក៏​ហេតុផលចាំបាច់ណាមួយ ដើម្បីអាចឱ្យសហព័ន្ធ​ដាក់ពិន័យប្រឆាំង​​រូប​លោក​ នោះ​ឡើយ​។ អាជ្ញាកណ្តាលវ័យ ៤១ឆ្នាំ ក៏បានចេញមុខបកស្រាយ ដោយក្រុមហ៊ុនរបស់លោក មិន​ជាប់​ពាក់ព័ន្ធនឹងការងារ​របស់លោក ឬក៏ការទទួលបានប្រយោជន៍ ពី​ក្លិបណាមួយនោះទេ។

ការពិន័យ Bellingham៖ ខ្សែបម្រើ Jude Bellingham ត្រូវបានសហព័ន្ធ RFEF ដាក់ពិន័យនៅ​ក្នុងជំនួប​ក្រប​​ខណ្ឌ La Liga ​ចំនួន២ប្រកួត  ដោយរូបគេ ​បានប្រើ​ពាក្យសម្តីមិនសមរម្យ​ដាក់​អាជ្ញា​កណ្តាលការប្រកួត ក្នុងជំនួប Real Madrid ស្មើ Osasuna លទ្ធផល ១-១ កាលពីសប្តាហ៍មុ​ន៕

ប្រភព៖ ESPN