កាលពីឆ្នាំ២០១៥ ក្រុមអធិរាជស Real Madrid ទទួលបានជោគជ័យក្នុងការចុះកុងត្រាយកកីឡាករ Martin Odegaard ដោយមានក្លិបធំៗជាច្រើនចង់បានរូបគេ។ យ៉ាងណាមិញ កីឡាកររូបនេះហាក់បីដូចជាពិបាកទទួលបានឱកាសក្នុងការលេង ដោយពេលនោះក្រុមអធិរាជស Real Madrid សម្បូរទៅដោយកីឡាករល្អៗនៅតំបន់កណ្ដាលរួមមាន កីឡាករ Toni Kroos កីឡាករ Luka Modric និងកីឡាករ Casemiro។ មូលហេតុនេះហើយ បានធ្វើឱ្យក្រុម Arsenal បានដាក់សំណើខ្ចីជើងកីឡាកររូបនេះពីក្រុម Real Madrid កាលពីឆ្នាំ២០២១ និងទិញផ្តាច់ក្នុងតម្លៃ ៤០ លានអឺរ៉ូ ក្រោយពីខ្ចីជើងបានរយៈពេល ៦ ខែ។
យោងតាមសារព័ត៌មាន Sport បានឱ្យដឹងថា ក្រុម Arsenal មានបំណងចង់ធ្វើឱ្យរឿងនេះកើតឡើងម្តងទៀតជាមួយនឹងកីឡាករ Arda Guler ដែលមានវ័យ ១៩ ឆ្នាំ សញ្ជាតិទួរគី ក្រោយពីកីឡាកររូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងព្រឹត្តិការណ៍ Euro 2024។ បើទោះបីជាទម្រង់លេងល្អក្តី កីឡាកររូបនេះហាក់បីដូចជាមិនទទួលបានឱកាសលេងឱ្យបានច្រើនពីក្រុម Real Madrid ឡើយ ដោយរូបគេលេងបានត្រឹម ៣០៧ នាទីឆ្លងកាត់ការបង្ហាញខ្លួនបាន ១២ ដងប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កីឡាករ Arda Guler បានចាកចេញពីក្រុម Fenerbahce និងចូលរួមជាមួយក្រុម Real Madrid កាលពីឆ្នាំ២០២៣ ក្នុងតម្លៃខ្លួន ២០ លានអឺរ៉ូ ដោយកុងត្រារបស់រូបគេមានសុពលភាពរហូតដល់ឆ្នាំ ២០២៩។ ក្រុម Arsenal បង្ហាញការចាប់អារម្មណ៍ទៅលើកីឡាកររូបនេះ ស្របពេលដែលរូបគេកំពុងស្វែងរកក្រុមបន្ទាប់ សម្រាប់លេងឱ្យបានច្រើនជាងនេះ៕ ឱកាសក្នុងការបង្ហាញខ្លួននៅ Premier League នឹងធ្វើឱ្យរូបគេបង្ហាញសក្តានុពលរបស់ខ្លួនបន្ថែមទៀត ជាពិសេសកីឡាកររូបនេះអាចជាកីឡាករល្អរបស់ក្រុម Arsenal ក្នុងរយៈពេលដ៏វែងផងដែរ៕
Add Comment