ទំព័រមុខ » Ten Hag និយាយបែបនេះ ក្រោយមានការរិះគន់លើក្រុម Man Utd
អន្តរជាតិ

Ten Hag និយាយបែបនេះ ក្រោយមានការរិះគន់លើក្រុម Man Utd

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានឆ្លើយតបអំពីពាក្យចចាមអារ៉ាមទាក់ទងនឹងតំណែងរបស់លោក ដោយលោកបាននិយាយថាវាមិនមែនជាការពិតនោះឡើយ។ បន្ទាប់ពីដឹកនាំក្រុមបិសាចក្រហម Manchester United ក្នុងរដូវកាលថ្មីនេះ ដោយកំពុងឈរនៅលេខរៀងទី១៤ នៃតារាង Premier League បណ្ដោះអាសន្ននោះ លោក ten Hag បានបដិសេធរាល់ចំណុចអវិជ្ជមានទាំងស្រុងលើប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានបានចុះផ្សាយ។

ក្នុងសន្និសីទកាសែត លោក Erik ten Hag បានបញ្ជាក់ថាថ្នាក់ដឹកនាំក្លិបបាល់ទាត់ផ្ទាល់ ព្រមទាំងរូបលោកនៅតែបន្តសហការគ្នា បើទោះបីជាក្រុមទទួលបានលទ្ធផលមិនល្អនាពេលថ្មីៗនេះ ថែមទាំងទើបតែចាញ់ក្រុម Tottenham Hotspur ក្នុងលទ្ធផល ៣-០។ លោក Erik ten Hag ថែមទាំងអះអាងថាថ្នាក់ដឹកនាំក្លិបនៅតែបន្តគាំទ្រការដឹកនាំរបស់លោកផងដែរ។

គួរបញ្ជាក់ផងដែរថា បើទោះបីជាលទ្ធផលបានធ្វើឱ្យអ្នកគាំទ្រខកចិត្តយ៉ាងណាក្តី ក៏លោក Erik ten Hag ជឿជាក់ថាលោកនឹងស្តារស្ថានការណ៍ឱ្យប្រសើរឡើងវិញ។ លោកនៅតែបន្តរៀបចំយុទ្ធសាស្ត្រថ្មីជាបន្តទៀត ដើម្បីអភិវឌ្ឍទម្រង់លេងរបស់ក្រុម ក៏ដូចជាកីឡាករផងដែរ។ ស្របពេលដែលការប្រកួតបន្ទាប់ ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះគ្នាជាមួយក្រុម Brentford លោក Erik ten Hag ជឿជាក់ថាក្រុមរបស់លោកនឹងធ្វើបានល្អក្នុងការប្រកួតនេះ៕

Add Comment

Click here to post a comment