ទំព័រមុខ » UEFA Champions League ២០២៤-២៥ បានកែប្រែទ្រង់ទ្រាយថ្មី ធ្វើឱ្យការប្រកួតប្រជែងកាន់តែក្តៅគគុកជាងមុន
អន្តរជាតិ

UEFA Champions League ២០២៤-២៥ បានកែប្រែទ្រង់ទ្រាយថ្មី ធ្វើឱ្យការប្រកួតប្រជែងកាន់តែក្តៅគគុកជាងមុន

ព្រឹត្តិការណ៍ UEFA Champions League បានចាប់ផ្តើមកំណែទម្រង់ថ្មីក្នុងរដូវកាល ២០២៤-២៥ នេះ ដោយមានការចូលរួមលេងចំនួន ៣៦ ក្រុម និងការផ្គូរផ្គងការប្រកួតថ្មីធ្វើឱ្យមានការប្រកួតប្រជែងកាន់តែជក់ចិត្តជាងមុនពីបណ្ដាក្រុមកំពូលៗក្នុងតំបន់អឺរ៉ុប។ តាមរយៈកំណែទម្រង់ថ្មីនេះ តារាងពិន្ទុគឺប្រៀបដូចជាតារាង League ផងដែរ ស្របពេលដែលក្រុមទាំង ៣៦ នឹងត្រូវលេងចំនួន ៨ ប្រកួត ដោយ ៤ ប្រកួតក្នុងដី និង ៤ ប្រកួតក្រៅដី។ ការធ្វើបែបនេះគឺសហព័ន្ធបានផ្លាស់ប្តូរការលេងចែកជា ៨ ពូល ហើយក្រុមនីមួយៗក៏អាចមានឱកាសបានជួបក្រុមផ្សេងៗជាច្រើនទៀតផងដែរ។

កំណែទម្រង់នេះបានធ្វើឱ្យការប្រកួតដែលកន្លងមកមានត្រឹម ១២៥ ប្រកួត បានកើនឡើងដល់ ១៨៩ ប្រកួត និងធ្វើឱ្យការប្រកួតមានភាពស្វិតស្វាញជាងមុន។ ក្រុមកំពូលតារាងទាំង ៨ នឹងបន្តទៅកាន់វគ្គ Play-off ស្របពេលដែលក្រុមដែលកំពុងឈរនៅលេខរៀងទី ៩ ដល់ ២៤ នឹងត្រូវប្រកួតគ្នាដើម្បីបន្តទៅលេងវគ្គ ១៦ ក្រុមចុងក្រោយជាមួយក្រុមកំពូលទាំង ៨។

ការផ្គូរផ្គងគូប្រកួតក៏បានធ្វើឡើងរួចហើយ ដោយក្រុម Real Madrid នឹងត្រូវប៉ះគ្នាជាមួយជើងឯករងឆ្នាំមុនក្រុម Borussia Dortmund ស្របពេលក្រុម Manchester City នឹងត្រូវប៉ះគ្នាជាមួយក្រុម Inter Milan និង Paris Saint-Germain ហើយក្រុម Liverpool ក៏នឹងមានភារកិច្ចលេងទល់នឹងក្រុម AC Milan និងក្រុម Girona ដូចគ្នា។

តាមរយៈកំណែទម្រង់ថ្មីនេះ UEFA មានគោលដៅចង់ឱ្យក្រុមទាំងអស់មានឱកាសលេងជាមួយក្រុមកំពូលៗជាច្រើនទៀត ដែលធ្វើឱ្យការប្រកួតកាន់តែស្វិតស្វាញ និងការគាំទ្រពីអ្នកទស្សនាកាន់តែមានសន្ទុះបន្ថែមទៀត៕