ខ្សែការពារសញ្ជាតិដើមកូឌីវ័រ ដែលមានឈ្មោះខ្មែរថា Zogbe Vireak បានផ្ទេរទៅកាន់ក្លិប Police Tero FC នៃក្របខណ្ឌ Thai League 2 (ជុំទី២) ក្រោមលក្ខខណ្ឌខ្ចីជើងពីវិសាខា ក្នុងនាមកីឡាករកូតាអាស៊ាន រហូតដល់ចប់រដូវកាលឆ្នាំ២០២៤/២៥។ នេះបើតាមការប្រកាសផ្លូវការរបស់ ក្លិបបាល់ទាត់វិសាខា កាលពីថ្ងៃព្រហស្បតិ៍។
មួយទស្សវត្សរ៍ក្នុងវិស័យបាល់ទាត់កម្ពុជា៖ កីឡាករ Zogbe Vireak ចំណាយពេលលេងនៅលីគបាល់ទាត់ប្រទេសកម្ពុជារយៈពេល១០ឆ្នាំ តាំងពីឆ្នាំ២០១៤ ជាមួយក្លិប Nagaworld FC, Build Bright utd, Boeung Ket, Prey Veng FC និងចុងក្រោយចូលរួមជាមួយវិសាខា នៅខែសីហា ឆ្នាំ២០២៤។ នៅកំឡុងពេលនោះ ជាពេលវេលារូបគេទទួលបានសញ្ចាតិខ្មែរ ប៉ុន្តែមិនអាចចុះឈ្មោះជាកីឡាករខ្មែរចូលសញ្ជាតិបានទេ ដោយសារច្បាប់ក្រុមហ៊ុន Cambodian Premier League (CPL) អនុញ្ញាតឱ្យចុះឈ្មោះកីឡាករខ្មែរចូលសញ្ជាតិបានម្នាក់ប៉ុណ្ណោះក្នុងមួយក្រុម ហើយក្លិបសម្រេចចុះឈ្មោះប្រធានក្រុម Khan Mo ដែលមានសញ្ជាតិដើមអាហ្វិកខាងត្បូង។
បរិបទថ្មីនៅប្រទេសថៃ៖ ការផ្លាស់ទៅកាន់ក្លិប Police Tero FC ផ្តល់ឱ្យ Vireak នូវការចាប់ផ្តើមថ្មី ដោយសារតែកាយសម្បទា ខ្សែការពារកណ្តាវ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថានឹងជួយពង្រឹងតំបន់ការពាររបស់សមាជិកលីគ២ថៃមួយនេះ ក្នុងបេសកម្មររប ស់ពួកគេប្រកួតប្រជែង នៅពាក់កណ្តាលរដូវកាល២០២៤/២៥។
អនាគតក្នុងលីគអន្តរជាតិ: ការផ្លាស់ទៅកាន់ក្លិប Police Tero FC នឹងជាឱកាសដ៏ល្អសម្រាប់ Zogbe Vireak អាចនឹងទទួលបានពេលវេលាលេងកាន់តែច្រើន ដើម្បីពង្រឹងសមត្ថភាព ក្នុងប្រកួតប្រជែងនៅក្រៅប្រទេស។ ជុំវិញឱកាសទទួលបាននាទីទៀងទាត់នៅលើទីលាន Vireak នឹងមានឱកាសក្នុងការតំណាងឱ្យក្រុមជម្រើសជាតិកម្ពុជាលើកដំបូង នៅលើឆាកអន្តរជាតិ ក្រោយមានសញ្ចាតិខ្មែរ៕